ភ្នំពេញ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការការមូលដ្ឋាន អាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង ចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ។
យោងតាម កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានឱ្យដឹងថា ការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨៖២៥នាទី ដោយយោងតាមពាក្យបណ្ដឹង របស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន អាយុ៣៨ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិររីសោភ័ណ ខេត្តបន្ទាយមានជ័យករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ។
ជនសង្ស័យចំនួន ២នាក់រួមមាន៖ ទី១.ឈ្មោះ ហេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២.ឈ្មោះ អ៊ឹង ឌីឌូ (ហាក់) ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួកមួយចំនួនទៀត។
ក្រោយពីកម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថក្រុងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនពិត ជាបានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ និងវាយបំផ្លាញ ថែមទាំងដុតម៉ូតូ របស់ជនរងគ្រោះឈ្មោះ គ្រិច ម៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ទ្រី ចាន់សាន ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់ដើមបណ្ដឹងខាងលើ បណ្ដាលឲ្យខូចខាត ទាំងស្រុងពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហេង រតនា ក៏មានដីកាបង្គាប់ ឲ្យចាប់ខ្លួនពីបទហិង្សា ដោយចេតនាស្ថានទម្ងន់ទោស ដោយសារ មរណៈភាព នៃជនរងគ្រោះ ដែលប្រព្រឹត្តនៅ ក្លឹបកំសាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ហើយគេចខ្លួនទៅ នៅប្រទេសថៃ រហូតដល់បច្ចុប្បន្ន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង និងយោងតាមមានដីការ បង្គាប់ឲ្យចាប់ខ្លួនផងនោះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមក អាវុធហត្ថខេត្ត ចាត់ការបន្ត និងបច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិល័យ ព្រហ្មទណ្ឌ អាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕