ភ្នំពេញ៖ ថៅកែដីឡូតិ៍ ដែលពូកែប្រើល្បិច បោកយកដីពីប្រជាពលរដ្ឋ និងអួតអាងថា មានខ្នងជាអ្នកធំផងនោះ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺឃាត់ខ្លួន ។
បើតាមសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ង៉ែត សីណង់ អាយុ២៦ឆ្នាំ ជាថៅកែដីឡូតិ៍សម្បូររឿងអាស្រូវ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន បន្ទាប់ពីបានក្លែងឯកសារជាសាធារណៈ មកបន្លំយករថយន្ត នៅអធិការដ្ឋាននគរបាល ស្រុកសំរោងទង ។
ក្រៅពីនេះ ឈ្មោះ ង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹង ពាក់ព័ន្ធរឿងដីជាច្រើនករណីទៀតផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរថៅកែដីឡូតិ៍ សម្បូររឿងអាស្រូវរូបនេះ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

