ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ បម្រុងដុតផ្ទះខ្លួនឯងចោល ពេលដែលឃើញសមត្ថកិច្ចចុះទៅសួរនាំ បែរជារត់ទៅទាញកាំបិតផ្គាក់ ដេញកាប់សមត្ថកិច្ច បណ្ដាលឲ្យលោកនាយប៉ុស្តិ៍ រងរបួសដៃឆ្វេង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ជនសង្ស័យឈ្មោះ សំ ចំរើនផល អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានទទួលបណ្តឹងពីឈ្មោះ ភី ចិន្តា ភេទស្រី ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យថា មានករណីហិង្សាបម្រុងដុតផ្ទះខ្លួនឯង លោកមេប៉ុស្តិ៍ក៏បានដឹកនាំ កម្លាំងចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យចាក់សាំងចោលវិញ ហើយបម្រុងគេចខ្លួន លោកមេប៉ុស្តិ៍បានសួរនាំ ស្រាប់តែជនសង្ស័យទាញកន្ត្រៃចេញពីហោប៉ៅ ក៏ជ្រុះគ្រឿងញៀន ១កញ្ចប់តូច ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន តែជនសង្ស័យបានរត់ទៅផ្ទះអ្នកជិតខាង ទាញយកកាំបិតផ្គាក់ មកដេញកាប់សមត្ថកិច្ច បណ្ដាលឱ្យលោកនាយប៉ុស្តិ៍ រងរបួសដៃឆ្វេង ហើយមានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនសង្ស័យបែកក្បាល ទើបបានសមត្ថកិច្ចឃាត់ខ្លួនបាន នាំមកប៉ុស្តិ៍ស្រែខ្ទុម ដើម្បីចាត់ការតាមនីតិវិធី ៕