ភ្នំពេញ៖ ដើម្បីផលប្រយោជន៍រួម ភាគីថៃបានស្នើ មកកាន់ភាគីកម្ពុជា ឱ្យជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង ។នេះបើយោងតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ។
្
ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និង លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងជំនួបនោះផងដែរលោក អ៊ូក សោភ័ណ ក៏បានស្នើសុំ៤ចំណុច ទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖
១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជា ដែលបានដំណើរការចូល មកធ្វើការក្នុងប្រទេសថៃ តាមប្រពន្ធ័ MoU ប៉ុន្តែមិនទាន់បានដំណើរការ ឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន នៅថៃសិន និងរង់ចាំក្រសួងការងារថៃ បើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។
២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។
៣-ស្នើសុំសម្រួលបើកឱ្យ នាំចូលពលករបរទេស ចូលមកធ្វើការក្នុងប្រទេសថៃ តាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយ លើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។
៤-ស្នើសុំការនាំពលករចូលមកធ្វើការ នៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយ ក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។
ជាការឆ្លើយតប ភាគីថៃបានឆ្លើយតប និងស្នើចំនួនពីរចំណុចដូចខាងក្រោម:
-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុង បន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជា វិញឲ្យបានឆាប់ ។
-ស្នើឲភាគីកម្ពុជា ជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕