ភ្នំពេញ៖ កម្លាំងផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន០២នាក់ ក្នុងករណីលួច និងវាយយកម៉ូតូ កាលពីវេលាម៉ោង២១ និង៣០នាទី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្បែរផ្លូវលេខ៨៦ កែង៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ DANIELLEE ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិអូស្រ្តាលី មុខរបរទេសចរណ៍ ស្នាក់នៅអាផាតមេនហុកសាន បន្ទប់លេខ១០៨៥ ផ្លូវលេខ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ មានអត្តសញ្ញាណ ដូចខាងក្រោម៖
១-ឈ្មោះ ភឿន សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ មុន ស្រីនាង ហៅយួន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបររកស៊ីផ្លូវភេទ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ សា ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។
៤-ឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(គេចខ្លួន) ។
ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី ស្ថិតនៅចំនុច វិហារចាម ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបាននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពថាខ្លួន និងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពវាយយកម៉ូតូប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕