ភ្នំពេញ៖ ក្រុមការងារអន្ដរជំនាញ «នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នគរបាលចរាចរណ៍ ផ្លូវគោកនិងមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ស្ពឺ» នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ និងឈានទៅដល់ការបិទ ទីតាំងយានដ្ឋានជួសជុល និងកែច្នៃ តម្លើងយានយន្តខុសលក្ខណៈបច្ចេកទេស ចំនួន១៤ កន្លែងនៅខេត្តកំពង់ស្ពឺ។
បើតាមអគ្គស្នងការ នគរបាលជាតិ បានឱ្យដឹងថា យោងតាមប្រកាសរួមស្មារតី អង្គប្រជុំកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃស្ដីពីវិធាន ការពង្រឹងការគ្រប់គ្រង បច្ចេកទេសតម្លើងកែច្នៃយានយន្ដ ឱ្យស្របតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ការអនុវត្តច្បាប់ ចំពោះយានដ្ឋានខុសច្បាប់ ក្រុមការងារអន្ដរជំនាញ ខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុល និងកែច្នៃតម្លើង យានយន្តខុសលក្ខណៈ បច្ចេកទេសនៅក្នុងភូមិសាស្រ្ត ក្រុងច្បារមន ស្រុកភ្នំស្រួច នឹងបន្ដចុះតាមបណ្ដាស្រុកមួយ ចំនួនទៀត នៅទូទាំងខេត្ដកំពង់ស្ពឺ ។
ជារួមក្រុមការងារ បានរកឃើញយានដ្ឋានចំនួន១៤កន្លែង គ្មានច្បាប់អនុញ្ញាត និងបានសម្រេចធ្វើកំណត់ហេតុ បិទទាំងស្រុង ករណីនៅបន្ដលួចលាក់ទៀត នឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំណាត់ការផ្លូវច្បាប់ ៕










