ឃាត់ជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធគ្រឿងញៀនមួយចំនួនធំ និងអាវុធខ្លី០១ដើម

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការស្រាវជ្រាវរហូតឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យប្រុស –ស្រី២ នាក់ ក្នុងករណីជួញដូរគ្រឿងញៀន នៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ខេត្តមណ្ឌលគិរី ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោម ការសម្របសម្រួលនីតិវិធីពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តមណ្ឌលគិរី ដោយកម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃ អធិការដ្ឋាន នគរបាលក្រុងសែនមនោ រម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំង គ្រឿងញៀន បានឃាត់ខ្លួននិងឆែកឆេរក្នុងម៉ូតូនិងបន្ទប់ជួលរបស់ជនសង្ស័យ ចំនួនពីរនាក់រួមមាន៖

១. ឈ្មោះ ដា រី ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើត នៅ ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
និង ២. ឈ្មោះ ជា ផា លីណែ ត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅ ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលឆែកឆេរក្នុងម៉ូតូ និងបន្ទប់ជួល របស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញសម្ភារៈ និងវត្ថុតាងហើយបានដកហូត រួមមានសារធាតុ សង្ស័យជា សារធាតុញៀនមាន សណ្ឋានជា ក្រាមពណ៌សថ្លា ( ម៉ា ទឹកកក ) ចំនួន២២កញ្ចប់(៦កញ្ចប់ធំ ; ៧កញ្ចប់ធំល្មម ; ៩កញ្ចប់តូច )មិនទាន់ថ្លឹង , អាវុធចំនួន១ដើម ម៉ាក់G19 AUSTRIA WET 5168 ផលិតនៅ កោះ តៃវ៉ាន់ (ប្រើ ហ្គាសបាញ់គ្រាប់កង់), ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកOPPO ១ គ្រឿង និង ម៉ាក SAMSUNG ១ គ្រឿង ), ដែកកេះ ចំនួន ២, កាបូបចំនួន ២, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក , ប័ណ្ណសំគាល់យាន្តយន្តចំនួន១ សន្លឹក , ដបសម្រាប់ជក់ថ្នាំញៀនចំនួន៣, កែវសម្រាប់ជក់ថ្នាំញៀនចំនួន៦, ថង់សម្រាប់វេចខ្ចប់និងទុយោ មួយចំនួនធំ , ប្រាក់ខ្មែរចំនួន១៣៩.៥០០រៀល ,ម៉ូតូចំនួន២គ្រឿង (ម៉ាក KTM DUKE 200 ១គ្រឿង ស្លាកលេ ភ្នំពេញ 1CS–1228 ; ម៉ាក់ HONDA TODAY១គ្រឿងគ្មានស្លាកលេខ ) ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងសម្ភារៈ និងមធ្យោបាយទាំងអស់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោ រម្យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕