ភ្នំពេញ៖ រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ១គ្រឿង បោះពួយក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោលភ្លើង បុកបង្គោលស្លាកប៉ាណូ ហាងគុយទាវ បាក់ទាំងពីរដើម ហើយបន្តទៅបុករថយន្ត២គ្រឿងទៀត ដែលចត លើចិញ្ចើមផ្លូវ រួចទៅបុកចូលផ្ទះលក់ភេសជ្ជៈ មិនអស់ចិត្តរថយន្តបង្កខ្ទាតទៅប៉ះម៉ូតូ ម៉ាក Moov ១គ្រឿងទៀត បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់… ទាំងផ្ទះ ទាំងបង្គោលភ្លើង បង្គោលប៉ាណូ ម៉ូតូ និងរថយន្ត ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខផ្ទះលេខ១៣៧៩ យីហោ “វត្តីលក់ភេសជ្ជៈគ្រប់មុខ” ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-9487 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ បានរត់គេចខ្លួនចេញ ពីកន្លែងកើតហេតុបាត់ស្រមោល ប៉ុន្តែគេស្គាល់ថា ជាអ្នករស់នៅម្ដុំផ្សារចាក់អង្រែ។
ទោះជាយ៉ាងណា កម្លាំងមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកវាស់វែងរួចហើយ នាំយករថយន្ដទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរក ម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕




