រុស្សី សន្យាផ្ដល់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កម្ពុជា

0

ភ្នំពេញ៖ លោក ណី សំអុល អ្នកនាំពាក្យរង ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា រដ្ឋាភិបាលរុស្សី បានសន្យាជួយផ្ដល់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ១៩ ក្នុងកម្រិតណាមួយ ដល់ប្រទេសកម្ពុជា ។

ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ តុលានេះ លោក ណី សំអុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «វ៉ាក់សាំងនេះ ទើបតែចុះបញ្ជី នៅក្រសួងសុខាភិបាលរុស្សី កាលពីម្សិលមិញ ចឹងគឺថា នៅពេលរុស្សីចប់សព្វគ្រប់ រុស្សីសន្យាថា នឹងជួយក្នុងកម្រិតណាមួយ មកដល់កម្ពុជា» ។

លោកបញ្ជាក់ថា ក្នុងកម្រិតណាមួយ មានន័យថា អាចនឹងជួយជាលក្ខណៈមនុស្សធម៌ ហើយមួយផ្នែកទៀត គឺពាណិជ្ជកម្មដោះដូរ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ កញ្ញា ក្នុងជំនួបជាមួយលោកទូតរុស្សី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ពីប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសរុស្ស៊ី បានប្រកាសពីជោគជ័យ នៃការរកឃើញវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ៕