ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ កម្ពុជា នាំចេញផលិតផលកសិកម្ម បានចំនួន ៥,៨លានតោន ។
លោករដ្ឋមន្ត្រីពិនិត្យឃើញថា ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់ មានការកើនឡើងល្អប្រសើរ ។
ក្នុងចំណោមបរិមាណ នាំចេញសរុបចំនួនជាង ៥,៨លានតោន ក្នុងនោះមានផលិតផលសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២,៦៣% ដែលធៀបទៅនឹងរយៈ៩ខែដើមឆ្នាំ២០១៩ (៣៩៨ ៥៨៦ តោន) បាននាំចេញទៅកាន់ ៦០ ប្រទេស។
២.ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦ តោន, ថយចុះប្រមាណជា ១៧% ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣.គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០,៥%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ
៤.គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់
៥.ចេកស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣ តោន មានកំណើន ២២៥,៦៩%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៦.ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់ប្រទេសថៃ ។
៧.ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨,៦៤ តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
៨.ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។
៩.ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
១០.ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៦,៧២%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។
១១.ស្វាយស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន មានកំណើន ១៥៨,៨៣%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
១២.ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន មានកំណើន ១២៣,៧៦%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
១៣.ម្ទេសស្រស់ ៥៥ ១៥៤,៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ ។
១៤.បន្លែ សម្រេចបាន ៨៧,៥៧ តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។
ទន្ទឹមនឹងនេះកម្ពុជា ក៏មានផលិតផលកសិកម្មជាច្រើនមុខ ដ៏ទៃទៀតដែលបាននាំចេញ ៕