គោលដៅ អេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើន ទេសចរក្នុងស្រុក!

0

ភ្នំពេញ៖ មន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅ សហគមន៍អេកូទេសចរណ៍ អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំង លើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើន គ្រាន់តែមិនទាន់ មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមាន ការជួយជ្រោមជ្រែង ពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

យោងតាមក្រសួងទេសចរបានឱ្យដឹងថា សហគមន៍ទេសចរណ៍ អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។

ការលើកឡើងយ៉ាងដូច្នេះ គឺនៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមករងារ អន្តរក្រសួងនិងមានការចូលរួមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ។

 អង្គប្រជុំបានបន្តថា សហគមន៍ទាំង៤នេះ ជាសហគមន៍ដែលទើបតែបង្កើតថ្មី ហើយក៏ទើបតែបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោងផងដែរ ដែលទាមទារឱ្យមានការជួយ អភិវឌ្ឍន៍ដល់សហគមន៍ បន្ថែមពីសំណាក់ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។បញ្ហានៅចំពោះមុខ ដែលកំពុងមានក្នុង សហគមន៍ទាំងនោះ រួមមាន៖ បញ្ហាខ្លះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់សហគមន៍ បញ្ហាផ្លូវធ្វើដំណើរ មិនទាន់ស្រួលបួល បញ្ហាបរិស្ថាន អនាម័យ និងសំរាម ខ្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីនធើណេត ដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយ និងចំណុចខ្លះចន្លោះជាច្រើនទៀត។ ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតនេះ ក្រសួងទេសចរណ៍ បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជួយអភិវឌ្ឍន៍រួមគ្នា ជាកញ្ចប់ៗ ទៅដល់សហគមន៍ ដើម្បីឱ្យគោលដៅ ទេសចរណ៍សហគមន៍ ទាំងនោះ មានការរីកចម្រើន ប្រកបដោយចីរភាព នវានុវត្តន៍ និងការទទួលខុសត្រូវ។

ក្រសួងទេសចរណ៍ នឹងបន្តស្រាវជ្រាវ រកសហគមន៍ទេសចរណ៍ ដែលមានអាទិភាពផ្សេងទៀត ដើម្បីជួយអភិវឌ្ឍ បន្តទៀតពាក់ព័ន្ធ នឹងករណីដូចគ្នាខាងលើនេះ។

អង្គប្រជុំបានបញ្ជាក់ទៀតថា ថ្វីដ្បិតការរីករាលដាលជំងឺកូវីដ-១៩ ជាឧបសគ្គក៏ពិតមែន ប៉ុន្តែក៏វាជាឱកាសក្នុងការជំរុញ ចលនាទេសចរក្នុងស្រុក ទៅកាន់សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ផងដែរ ដែលវាបានចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់ ពីជំងឺកូវីដនេះ។ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ ឥរិយាបថរបស់ភ្ញៀវទេសចរ បានងាកត្រលប់ ទៅរកដំណើរទេសចរណ៍ បែបផ្សងព្រេង សហគមន៍ទេសចរណ៍ និងតំបន់ អេកូទេសចរណ៍ ច្រើនជាងគោលដៅ ទេសចរណ៍បែបប្រមូលផ្ដុំ។

ជាមួយគ្នានោះ លោក ថោង ខុន បានឱ្យដឹងដែរថា ការបញ្ចូលសកម្មភាព ទេសចរណ៍ និងអេកូទេសចរណ៍ នៅក្នុងសហគមន៍ ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍ នៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះ ស្ថិតក្រោមក្រសួងណាឡើយ។ តួយ៉ាងដូចក្នុងករណី របស់សហគមន៍ តំបន់ការពារធម្មជាតិ រលាក់កងជើង របស់ក្រសួងបរិស្ថាន សហគមន៍នេសាទ ផាត់សណ្ដាយ របស់រដ្ឋបាលជលផល សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ របស់រដ្ឋបាលព្រៃឈើ និងសហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានការចូលរួម របស់ក្រសួងពាក់ព័ន្ធជាច្រើន។

លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួន ជូនដល់អង្គប្រជុំ ក៏ដូចជាក្រុមការងារអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ផងដែរ ក្នុងនោះរួមមាន៖

* លេខាធិការដ្ឋាន ត្រូវសម្របសម្រួល ជាមួយតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា ជូនសហគមន៍ខាងលើ។

* ឯកភាពក្នុងការរៀបចំ វេទិកាជាតិអេកូទេសចរណ៍ លើកទី២ ប៉ុន្តែស្នើសុំរៀបចំ តាមស្មារតីអង្គប្រជុំ និងស្ថានភាពជាក់ស្ដែង ស្របតាមវិធានសុវត្ថិភាព ទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

* លេខាធិការដ្ឋាន ត្រូវធ្វើរបាយការណ៍ អំពីលទ្ធផល នៃកិច្ចប្រជុំនេះ គោរពជូន រាជរដ្ឋាភិបាល ដើម្បីជ្រាបនិង ផ្តល់អនុសាសន៍ណែនាំ

* ក្រុមការងារត្រូវខិតខំ រៀបចំកិច្ចប្រជុំ ក្រុមការងារលើកទី៦ យ៉ាងយូរ៦ខែទៀត ដើម្បីជំរុញការដោះស្រាយ បញ្ហានានា របស់សហគមន៍ ដូចដែលយើងបានដាក់ចេញ នាកិច្ចប្រជុំលើកទី៥ នេះ៕