ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោកនឹងធ្វើលិខិត អញ្ជើញប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីមកបំភ្លឺ ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជុំវិញករណី នៃការប្រមូលយកពន្ធ២០%លើ ប្រាក់ចំណេញពីការលក់អចលនទ្រព្យ របស់ពលរដ្ឋ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក លោក ពេជ្រស្រស់ បានសរសេរយ៉ាងដូច្នះថា នៅក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺរូបខ្ញុំ ពេជ្រ ស្រស់ បានលើកយកអំពីករណី នៃការប្រមូលយកពន្ធ២០%លើ ប្រាក់ចំណេញពីការលក់ អចលនទ្រព្យរបស់ពលរដ្ឋ ដើម្បីសិក្សាពីផលប៉ះពាល់ ដល់ការវិវឌ្ឍសេដ្ឋកិច្ចរបស់ ពលរដ្ឋ ជាពិសេសគឺថ្លឹងថ្លែង ឲ្យតុល្យភាពរវាងជីវភាព ពលរដ្ឋ និងការបង់ពន្ធ ជូនរដ្ឋ ជុំវិញការប្រកាសប្រមូលពន្ធថ្មីៗ របស់ក្រសួងសេដ្ឋកិច្ច នៃការយកពន្ធ២០%លើ ប្រាក់ចំណេញ ពីការលក់អចលន ទ្រព្យរបស់ពលរដ្ឋ ។
មេបក្សរូបនេះបានបញ្ជាក់ថា «ប្រតិភូ នៃគណបក្សយុវជនកម្ពុជា នឹងធ្វើលិខិត អញ្ជើញប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីមកបំភ្លឺក្នុង ក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។»
សូមរំលឹកថា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «តាមពិតរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែយើងខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេលនៃការអនុវត្តលើពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១វិញ»។
លោកបន្តថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យារពេលដល់ឆ្នាំ២០២០នេះ ៕