ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយកម្លាំង នគរបាលខណ្ឌទួលគោក នៅថ្ងៃ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះ បានចុះ ឆែកឆេរ ទីតាំងទទួលបញ្ចាំមួយកន្លែង ដកហូតម៉ូតូចំនួន ១១ គ្រឿង សង្ស័យមានការពាក់ព័ន្ធនឹង ការទទួលទិញផលចោរកម្ម ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ការចុះ ឆែកឆេរនិងដកហូតម៉ូតូជា ច្រើនគ្រឿងខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ ចំណុចផ្ទះលេខ៤C ផ្លូវ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ ប៊ុត សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួច ម៉ូតូចំនួន២គ្រឿង នៅ ខណ្ឌដូនពេញ ហើយជនសង្ស័យបានសារភាព បញ្ជាក់ប្រាប់ពីទីតាំង ដែលពួកគេយកម៉ូតូមកបញ្ចាំនោះ ទើបកម្លាំងសមត្ថកិច្ចបន្តចុះ មកធ្វើការឆែកឆេរ នៅទីតាំងខាងលើ ព្រមទាំងដកហូត ម៉ូតូបានចំនួន១១គ្រឿង ដើម្បីបញ្ជូនទៅរក្សាទុក នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕