ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាត្រថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រីចំនួន ៣៨១ នាក់ ក្នុងប្រតិបត្តិការចុះឆែកឆេរ ភោជនីយដ្ឋាន ស៊ីនខាយមែនមួយកន្លែង ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ភោជនីយដ្ឋាន ស៊ីនខាយមែនជា កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន។ ក្នុងនោះក្រុមសមត្ថកិច្ច បានឆែកឆេរ និងចាប់ឃាត់ខ្លួន មនុស្សជាដំណាក់ៗ ដោយនៅបន្ទប់ជាន់ទី១ និងទី២មានបន្ទប់ចំនួន ២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ២៤៥នាក់ (ប្រុស ១៥៧ នាក់និងស្រី ៨៨នាក់) ខ្មែរ ២នាក់(ប្រុស១ ស្រី១) ។
ជាលទ្ធផលរកឃើញ អាវុធខ្លីចំនួន ២ដើម ១/ម៉ាក (សាសតាវ៉ា ) មានគ្រាប់ចំនួន ៨គ្រាប់ ២/ម៉ាក (សូរ៉ាគី) មានគ្រាប់ចំនួន ៦គ្រាប់ ។ ដោយឡែកក្លឹបកម្សាន្តបន្ទប់ ជាន់ទី៣ ឃាត់ខ្លួនបាន មនុស្សចំនួន ១២១នាក់ ប្រុសចំនួន ៨២នាក់ ស្រីចំនួន ៣៩នាក់ ។ ចំណែកបន្ទប់ស្នាក់នៅ ជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ ប្រុស ១០នាក់ ស្រី ៥នាក់ ។
សរុបឃាត់ខ្លួនមនុស្សចំនួន ៣៨១នាក់ និងដកហូតគ្រឿងញៀនមួយចំនួនធំ (មិនទាន់ថ្លឹង )។ បច្ចុប្បន្នជនជាតិចិន ទាំងនេះកំពុងត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន និងហ៊ុមព័ទ្ធ នៅទីតាំងភោជនីយដ្ឋានខាងលើ ៕