ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី (LOD )បានអនុវត្តបញ្ច្រាស់ទិស នៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានសំណូមពរ ឲ្យក្រុមហ៊ុនអចលនទ្រព្យទូទាំងប្រទេស មេត្តាយោគយល់ និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាព លំបាកខ្វះខាត ក្នុងដំណាក់កាលការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។
តែផ្ទុយទៅវិញ ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី (LOD) បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូ មួយគ្រឿង ពីកូនបំណុលមិនមានការអនុញាត ពីស្ថាប័នអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបាន បង់ការប្រាក់រយៈពេល ៣ខែ ប៉ុណ្ណោះកើតហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍ ដ៏សាហាវគ្មានធម៌មេត្តា របស់បុគ្គលិកក្រុមហ៊ុនអិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណៈហឹង្សា ក៏បានរាយការណ៍មក អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងក៏មានលេចប្រភពព័ត៌មានថា មូលហេតុ ដែលបុគ្គលិករបស់ក្រុមហ៊ុន ហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល ក្នុងដំណាក់កាលកូវីដ19 ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ អិលអូឌី LOD មានឋានៈជារដ្ឋលេខាធិការ នៃក្រសួងមួយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជ អាវុធហត្ថ ស្រុកជលគីរី ចុះឃាត់ខ្លួនយុវជន ៤នាក់ ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ដែលមានឈ្មោះ ដូចខាងក្រោម៖
១.វ៉ែន រិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
២.ញ៉េស សារីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកសាមគ្គីមានជ័យ ។
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិននៀមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ។
៤.ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ។
ចំណែក វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ច្រវ៉ាក់ ២ខ្សែ, ពូថៅចំនួន ១, កូនសោរចំនួន ២, ដែកទីបប្រវែង ១.៦សង់ទីម៉ែ ។
ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃដោយចេតនា ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕