យុវជនជានិស្សិតម្នាក់ ប្រកាច់ស្លាប់ភ្លាមៗ ក្រោយរថយន្តធុនធំមួយគ្រឿង បុករួចកិនចំពាក់កណ្ដាលខ្លួន

0

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង បានបើកបុកពីក្រោយម៉ូតូ បណ្តាលឲ្យកិននិស្សិតម្នាក់ ចំពាក់កណ្ដាលខ្លួន ប្រកាច់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ចាន់ វឌ្ឍនៈ អាយុ២០ឆ្នាំ ជានិស្សិត បច្ចុប្បន្នស្នាក់ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1535 ។ ចំណែកបើកបរ រថយន្តបង្កម៉ាហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-8785 ក្រោយបង្កហេតុ បានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ យុវជនរងគ្រោះខាងលើ ជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកមកពីក្រោយ បានបុកដួល និងកិនចំពាក់កណ្តាលខ្លួន បណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ស្រាវជ្រាវទំនាក់ទំនង រកក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយលធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង២ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕