បុរសម្នាក់កំពុងបើកឡានសុខៗ ត្រូវជនមិនស្គាល់មុខ យកដុំថ្មគប់ទម្លុះកញ្ចក់ ត្រូវចំដើមទ្រូងស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ជនមិនស្គាល់អត្តសញ្ញាណ យកថ្មគប់ទម្លុះកញ្ចក់រថយន្ដ បណ្ដាលឲ្យត្រូវចំដើមទ្រូងម្ដុំចុងដង្ហើម បណ្ដាលឲ្យស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ។ ករណីឃាតកម្មនេះ កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣៥នាទីល្ងាច នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ។

មុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្មគប់ទៅលើរថយន្ដរបស់ឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ ទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះទៅចំដើមទ្រូងម្ដុំចុងដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត ។

ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចជំនាញបានចុះដល់កន្លែង ហើយបានបញ្ជូនជនរងគ្រោះ មកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ ។

ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួរសារ យកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដកំពង់ចាម ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវរកមុខសញ្ញា និងបានចងក្រងសំណុំរឿងតាមនិតីវិធី ៕