ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដែលបើក ក្នុងល្បឿនលឿនដូចគ្នា បុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវ R8 កែងនឹងផ្លូវR៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលនៅទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
បុរសរងគ្រោះស្លាប់មានឈ្មោះ ព្រឿម សារ៉ាត់ អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ (ផ្នែកជាងបៀក) ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើត នៅភូមិពោធិ៍២ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញជនជាតិចិនចំនួនពីរនាក់ រួមដំណើរនឹងបុរស ជនជាតិខ្មែរម្នាក់ទៀត បានបើករថយន្តស៊េរីទំនើប ម៉ាក Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9188 ធ្វើដំណើរតាមបណ្តោយផ្លូវ R៣ ទិសដៅពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុច ផ្លូវបែកជាបួន ក៏បានបុកជាមួយម៉ូតូ ហុងដា ឌ្រីម ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AL-1753 ជិះដោយបុរស ៣ នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ R8 ទិសដៅពីខាងកើត ទៅខាងលិច បុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកពីរនាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ ។
ប្រភពដឹងផងដែរថា រថយន្តបង្កបានព្យាយាមបើករត់ រាប់សិបម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋ ឃើញក៏នាំគ្នាឃាត់បានមកវិញ និងឃាត់ខ្លួនជនជាតិខ្មែរ អ្នករួមដំណើរម្នាក់ ប្រគល់ជូនសមត្ថកិច្ច មូលដ្ឋាន យកទៅសួរនាំ។ ចំណែកជនជាតិចិន ពីរនាក់ទៀត បានគេចខ្លួន ពីកន្លែងកើតហេតុបាត់។ រីឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕




