ភ្នំពេញ៖ ដោយសង្កេតឃើញថាថ្មីៗនេះ មានករណីផ្ទុះអាវុធបាញ់រះ បណ្ដាលឱ្យបុរសជាអ្នករត់ pass app ម្នាក់បានស្លាប់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជា ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាឲ្យ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ អាវុធខុសច្បាប់ ត្រូវចាប់ខ្លួនជនល្មើសយកមក ផ្តន្ទាទោសតាមច្បាប់។
ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន បានមានប្រសាសន៍ថា មានប្រសាសន៍ «ក្នុងនាមប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ឲ្យកងកម្លាំងមានសមត្ថកិច្ច ធ្វើប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសផ្សេងៗ ក្នុងខេត្តព្រះសីហនុ មានដូចជាបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ អាវុធខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម និងអំពើអបាយមុខផ្សេងៗ ប៉ះពាល់ដល់សន្តិសុខសង្គម ។ វិធានការជារួម គឺកងកម្លាំងសមត្ថកិច្ច ចម្រុះនឹងធ្វើប្រតិបត្តិការ តាមដងផ្លូវនិងតាមគោលដៅសំខាន់ៗ គ្រប់មូលដ្ឋាន ហើយអ្នកពាក់ព័ន្ធ នឹងបទល្មើស ត្រូវចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។»
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២កន្លះ នៅលើវិថីឯករាជ្យ ម្តុំស្តុបផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ មានកករណីផ្ទះអាវុធ បាញ់រះមួយបានកើតឡើង និង បណ្តាលអោយបុរសជាអ្នករត់pass app ម្នាក់ស្លាប់ក្នុងផ្លុកឈាម ដោយជនសង្ស័យមួយក្រុម បានបាញ់រះតដៃ ជាមួយសមត្ថកិច្ច ទើបបណ្តាលអោយត្រូវចំបុរស ម្នាក់មួយគ្រាប់ ក្រោមដងកាំបិត ខាងស្តាំ ស្របពេលកំពុងតែអង្គុយ នៅលើ pass app ចាំឌុបភ្ញៀវ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើង តាមដានស្រាវជ្រាវ រកមុខជនសង្ស័យបន្តទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕