ភ្នំពេញ៖ លោក គួយ ពិសិត អាយុ២៤ឆ្នាំ ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មាន CBN TV Online ត្រូវបានឃាតកវាយសម្លាប់ ខណៈរូបគាត់កំពុងជិះម៉ូតូ កាលម៉ោងជាង ២ទៀបភ្លឺ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ គួយ ពិសិត បច្ចុប្បន្នស្នាក់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិទួលមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំពោះករណីឃាតកម្មនេះដែរ គេពុំទាន់ដឹងច្បាស់ថា ជារឿងគំនុំ ឬប្លន់ទ្រព្យសម្បត្តិនៅឡើយទេ ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា នៅពេលកើតហេតុ ពួកគាត់បានឮសំឡេងដួលម៉ូតូប្រាវ តែភ្លាមៗនោះពួកគាត់មិនបាន ចេញមកក្រៅផ្ទះដើម្បីពិនិត្យមើល ហេតុការណ៍នោះទេ ។ លុះបន្តិចក្រោយមក ពេលបើកទ្វារចេញមកមើល ស្រាប់តែឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ចំណែកម៉ូតូដួល គឺនៅកណ្ដាលផ្លូវ ។ ក្រៅពីនេះគ្មានមនុស្សណាម្នាក់ នៅជាមួយសពឡើយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានទាក់ទងទៅម្ចាស់ផ្ទះ ដែលមានកាមេរ៉ាសុវត្ថិភាព ក្បែរកន្លែងកើតហេតុ បានពិនិត្យឃើញថា ជនរងគ្រោះត្រូវបានគេវាយពីក្រោយ បណ្ដាលឲ្យដួលបោកក្បាល នឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាម ។ ចំណែកជនដៃដល់ បានគេចខ្លួនភ្លាមៗតែម្ដង ។
ពាក់ព័ន្ធករណីនេះដែរប្រជាពលរដ្ឋ បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពង្រឹងបន្ថែមបញ្ហាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រោះសង្កេតឃើញថា បទល្មើសនៅតែបន្តកើតឡើងជាបន្តបន្ទាប់ ដែលនាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចក្នុងការរស់នៅ ៕