ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី ឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃវិញ ។
ការបញ្ចប់មុខតំណែង លោកអភិបាលស្រុកកោះញែករូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារ អន្តរក្រសួងចុះសិក្សាស្រាវជ្រាវ លើករណីការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសពុំបានចូលរួមថែរក្សាការពារ ផលប្រយោជន៍សាធារណៈ ។
សូមជម្រាបថា កាលពីថ្ងៃទី២២ កក្កដា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី។ ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយ មន្ត្រីនៅក្នុងខេត្តមណ្ឌលគិរី ៕