ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈ សម្រាប់ការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូថតទុកជាមុន ដែលរៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៩ កញ្ញានេះបានឲ្យដឹងថា ការអញ្ជើញចូលរួមរបស់សម្ដេច គឺតបតាមការអញ្ជើញរួមរបស់លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស
នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក ។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពីវិធានការ សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដែលអាចចាត់ទុកថា មានប្រសិទ្ធភាពបំផុតក្នុងការ ដោះស្រាយវិបត្តិបច្ចុប្បន្ន និងដើម្បីអាចសម្រេចបាននូវរបៀបវារៈ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងការពង្រឹងភាពធន់ បរិយាប័ន្ន និងចីរភាពសម្រាប់រយៈពេលវែង។
សម្តេចតេជោ ក៏នឹងផ្តល់អនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ អង្គការសហប្រជាជាតិ ក្នុងការជួយរដ្ឋសមាជិក ដើម្បីជម្នះវិបត្តិនាពេលបច្ចុប្បន្ន និងកសាងអនាគតប្រសើរជាងមុន ៕