ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស នៅថ្ងៃទី៣០ កញ្ញា ស្អឺកនេះ នឹងបើកកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក្នុងការឆ្លើយតបនឹងការ រាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺនេះផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រួងការបរទេសខ្មែរ នៅថ្ងៃទី២៩ កញ្ញានេះ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយចក្រភពអង់គ្លេស ស្ដីពីជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអង់គ្លេស នឹងផ្លាស់ប្តូរយោបល់គ្នាអំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក្នុងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺនេះ។ ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ រួមគ្នារវាងអង់គ្លេស និងប្រទេសសមាជិកអាស៊ាន។ បញ្ហាតំបន់ និងសកល ដែលជាកង្វល់រួម ក៏ជារបៀបវារៈនៃកិច្ចពិភាក្សាគ្នាផងដែរ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាជំហានមួយឆ្ពោះទៅរក ការរៀបចំទិសដៅអនាគត សម្រាប់ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ក្នុងបរិបទនៃបញ្ហាប្រឈម ជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន និងការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប ៕