ភ្នំពេញ៖ នាយទាហានស័ក្តិ ៤កន្លះម្នាក់ បានឈ្លោះប្រកែកគ្នា ជាមួយនារីវ័យក្មេងម្នាក់ ស្រាប់ដកកាំភ្លើងខ្លីបាញ់គំរាម ២គ្រាប់ ផ្អើលរោងបុណ្យសព ៧ថ្ងៃ រួចបើករថយន្តពាក់ផ្លាកលេខរដ្ឋ គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះធ្វើបុណ្យ ៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅទីតាំងខាងលើនាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន ដោយជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤ កន្លះ មានទីលំនៅរាជធានីភ្នំពេញ បានប្រើអាវុធខ្លី មិនស្គាល់ម៉ាកបាញ់ឡើងលើ ២គ្រាប់ ដើម្បីគំរាមនារីវ័យក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ក្រោយកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាក វីហ្គោ ពណ៌ ស ពាក់ផ្លាកលេខ រដ្ឋ គេចខ្លួនបាត់ស្រមោល ។
ជាមួយគ្នានេះ មូលហេតុដែលធ្វើឱ្យមន្ត្រីយោធា បាញ់គំរាម ២គ្រាប់នោះ គេនៅពុំទាន់ដឹងពីមូលហេតុ ជាក់លាក់នៅឡើយទេ ដោយគ្រាន់តែដឹងថា ពួកគេបានឈ្លោះគ្នាប៉ុណ្ណោះ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ អត្តសញ្ញាណជនបង្ក ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕