ភ្នំពេញ៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង បានចុះបង្ក្រាបរថយន្តដឹកមាន់រស់ ១គ្រឿង ដែលដឹកមាន់ជាង ២០០ក្បាល ពីប្រទេសថៃចូលមក ទីផ្សារខេត្តបាត់ដំបង និងក្រុងភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចបណ្តោយផ្លូវលេខជាតិ៥៧B ស្ថិតក្នុងភូមិស្រះទឹក ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ រថយន្តល្មើសនេះ ជាប្រភេទរថយន្តកែច្នៃ ពាក់ស្លាកលេខ ភព២-3765 មានផ្ទុកសត្វមាន់រស់ចំនួនជាង ២០០ក្បាល ចំណែកម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ ។
ការបង្ក្រាបបទល្មើសនេះ មន្ត្រីជំនាញ និងកម្លាំងមូលដ្ឋាន រឹបអូសបានសត្វមាន់រស់សរុបចំនួនជាង ២០០ក្បាល ។ ក្រោយបង្ក្រាបមន្ត្រីជំនាញ បានដឹកបញ្ជូនយកមករក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដើម្បីរ់ងចាំម្ចាស់ ចូលខ្លួនមកទទួលខុសត្រូវទទួល ការពិន័យ និងបូមឈាមវត្ថុសំណាក ទៅពិនិត្យ និងរង់ចាំគោលការណ៍ សម្រេចពេលក្រោយ ។
ការលួចនាំចូលសត្វមាន់រស់ ផ្គើននឹងច្បាប់នេះ ត្រូវបានប្រជាពលរដ្ឋ ក្រុងបាត់ដំបងបង្ហើបឱ្យដឹងថា បញ្ហាលួចលាក់ចរាចរ សត្វមាន់រស់ចូលក្នុងទីផ្សារនេះ ទំនងមានការពាក់ព័ន្ធជាមួយនិងមន្ត្រី ឬកម្លាំងដែលឈរជើងនៅតាមតំបន់ព្រំដែន ពិសេសនៅច្រកទ្វាររបៀងមួយចំនួន ដូចជា ច្រកបឹងឆ្នាំង ច្រកដើមអំពិលបារាំង ក្នុងស្រុកកំរៀងជាដើម ៕