ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។
យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងបានបញ្ជាក់ថា តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នឹងអាចមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនឹងបង្កើន ការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្ដាខេត្តនៅភាគពាយ័ព្យ។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។
៣៖ បណ្ដាខេត្តទៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C
ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកភ្លៀងនឹងបន្ត បង្កើនការធ្លាក់ក្នុងកម្រិតពីបង្គរទៅច្រើន។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ជួរភ្នំក្រវាញ។
សម្រាប់អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៦ ខែតុលា៕