ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ១៣៩នាក់ ក្នុងនោះនារី១១នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅ ផ្ទះជួបក្រុមគ្រួសារវិញ ក្រោយពិនិត្យសំណាកវិភាគជាលើកទី២ ទទួលលទ្ធផលអវិជ្ជមាន កូវីដ១៩ ពីក្រសួងសុខាភិបាល ។ នេះបើយោងតាមកងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក។
នេះជាការលើកឡើងពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលចត្តាឡីស័ក នៃសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នាយឧត្តមសេនីយ៍ លោកបញ្ជាក់ថា កម្លាំងទាំង១៣៩នាក់នេះ គឺបានធ្វើចត្តាឡីស័ក បន្ទាប់ពីបាន ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី រយៈ ពេល១ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា ទាំង១៣៩នាក់នេះ ទទួលលទ្ធផលអវិជ្ជមានកូវីដ ១៩ បន្ទាប់ពីធ្វើសំណាកវិភាគកាលពីថ្ងៃទី២៦ ខែកញ្ញា ហើយថ្ងៃនេះ មានការអនុញ្ញាតពី ក្រសួងសុខាភិបាលឱ្យកម្លាំងទាំងអស់នេះវិលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តអនាម័យខ្លួនប្រាណ ជានិច្ច។ ជាមួយគ្នានោះ ប្រសិនបើមានអាការៈមិនប្រកតីត្រូវរាយការណ៍មជ្ឈមណ្ឌលជាតិ ឬទាក់ទងទៅអ្នកជំនាញនៃក្រសួងសុខាភិបាល៕