សហភាពអឺរ៉ុប សន្យាបន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យកសិកម្ម នៅកម្ពុជា ជាពិសេសវិស័យ វារីវប្បកម្ម

0

ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅចំពោះមុខលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការសន្យា បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យកសិកម្ម នៅកម្ពុជា ជាពិសេសវិស័យ វារីវប្បកម្ម។នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបពិភក្សាការងារ ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAPFish-Capture និង CaPFish Aquaculture នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីCarmen Moreno បានធ្វើការវាយតម្លៃ ជារួមលើលទ្ធផល របស់គម្រោងដែលសម្រេចបាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោកស្រីបន្តទៀតថា កិច្ចប្រជុំនាពេលនេះ មានសារសំខាន់ ព្រោះបាននាំយកភាគីពាក់ព័ន្ធ គម្រោងមកពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធី ទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង Capfish Aquaculture និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យការអនុវត្តគម្រោង សម្រេចទទួលបានជោគជ័យ ដូចការគ្រោងទុក និងទទួលបានប្រយោជន៍សមស្រប តាមអ្វីដែលវារីវប្បករ ចង់បានគឺសេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងរក្សបាននូវធនធានធម្មជាតិ។

ត្រង់ចំណុចនេះ លោកស្រីបានបន្តទៀតថា វិស័យកសិកម្ម ពិសេសវារីវប្បកម្ម បាននិងកំពុងចូលរួម យ៉ាងសកម្ម និងចាំបាច់ក្នុងកំណើន សេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាពស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ដ៏លំបាក នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ។

ដូច្នេះ លោកស្រីបានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យមួយនេះ ពិសេសវិស័យវារីវប្បកម្ម ធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។
ព្រមជាមួយគ្នានេះ លោកស្រីក៏បាន ជម្រាបជូនអង្គពិធីផងដែរថា EU នឹងមានគម្រោងថ្មីៗ សម្រាប់ជួយដល់វិស័យកសិកម្ម ដោយលោកជំទាវនឹងរកពេលវេលា សមស្របណាមួយ ដើម្បីជួបពិភាក្សាជាមួយ លោករដ្ឋមន្រ្តីនាពេលខាងមុខ។

លោកស្រីសង្ឃឹម និងជឿជាក់ថា តាមរយ:គម្រោងដែលបាន និងកំពុងអនុវត្តនឹងពិតជា បានជួយដល់វិស័យកសិកម្ម និងរឺតចំណងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងEU ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែរឹងមាំទ្វេ ឡើងថែមទៀត ទាំងពេលបច្ចុប្បន្ន និងអនាគត។

ចំណែកលោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកស្រីឯកអគ្គរដ្ឋទូត លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាល ជលផលទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផល គួរជាទីមោទនៈ។ កិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាមានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីទ្រទ្រង់ ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀត សម្រាប់អនុវត្តបន្ត ដើម្បីជំរុញវិស័យមួយនេះ ឱ្យឈានទៅមុខស្របតាមទិសដៅ ដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹង ផែនការអភិវឌ្ឍវិស័យ វារីវប្បកម្ម។

ស្តែងចេញពីសមិទ្ធផលនេះ លោករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើន ផលិតភាពផលិតកម្ម វារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះ មានការវិវឌ្ឍន៍រីកចម្រើន គួរឱ្យកត់សម្គាល់។ ពិសេសជាងនេះទៅទៀត លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០លានរៀល ដើម្បីជួយដល់វិស័យ វារីវប្បកម្មផងដែរ។

ជាសរុប កិច្ចប្រជុំនាពេលនេះ ភាគីទាំងពីរ បានលើកយកប្រធានបទសំខាន់ៗ មួយចំនួន ដូចជា វឌ្ឍនភាពនៃគម្រោង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត ធ្វើយ៉ាងណាឲ្យការ អនុវត្តកម្មវិធីនេះមាននិរន្តរភាព និងទទួលបាន ជោគជ័យ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ បានឯកភាពគ្នា ថាឲ្យក្រុមការងារបច្ចេកទេស បន្តពិភាក្សាគ្នា លើចំណុចសំខាន់ៗមួយចំនួនទៀត ដែលនៅសេសសល់ និងគួរតែចុះវាយតម្លៃ ដោយផ្ទាល់នៅតាមខេត្តគោលដៅ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលអាចយកជាប្រយោជន៍ ក្នុងការវាយតម្លៃជាលើកចុងក្រោយ មុនកម្មវិធីត្រូវបានបញ្ចប់។

សូមជម្រាបជូនថា កម្មវិធី CaPFish-Capture និង CaPFish Aquaculture មានគោលបំណងគាំទ្រ ដល់ការសម្រេចឱ្យបាននូវ ការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ននៃវារីវប្បកម្ម ដោយបានអនុលោម ទៅតាមផែនការយុទ្ធសាស្រ្ត សម្រាប់វិស័យជលផល ដើម្បីចូលរួមក្នុងសន្តិសុខស្បៀង និងការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម។ កម្មវិធីនេះមានរយៈពេល ០៦ ឆ្នាំ ដែលទទួលបានហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ។ កម្មវិធីមានសមាភាគធំៗចំនួន ២ សម្រាប់សមាភាគធំទី១ មានសកម្មភាពធំៗចំនួន ៩ ទាក់ទងនឹងបច្ចេកទេស បណ្តុះបណ្តាល ផ្សព្វផ្សាយ សុវត្ថិភាព គុណភាពម្ហូបអាហារ ការដឹកនាំ ការគ្រប់គ្រងសហគមន៍នេសាទ ពង្រឹងអភិបាលកិច្ច និងការចូលរួមពីស្រ្តី គាំទ្រកំណើនគ្រួសារក្រីក្រ និងអាហារូបត្ថម្ភ ហើយសមាភាគទី២ ទាក់ទងជំនួយបច្ចេកទេស និងការគ្រប់គ្រងកម្មវិធី៕