សមត្ថកិច្ចជំនាញ ចាប់បានក្រចកជើងគោ ជាង២តោន នាំចូលពីវៀតណាម

0

ភ្នំពេញ៖ ក្រចកជើងគោចំនួន ជាង២តោន ត្រូវបានសមត្ថកិច្ចសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានធ្វើសកម្មភាព ចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០នេះ។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីបានទទួលការស្នើសុំ កិច្ចសហការពីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខាមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង កង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានចុះពិនិត្យ ស្មងគោ នាំចូលពីប្រទេសវៀតណាម តាមច្រកអន្តរជាតិបាវិត ស្វាយរៀង។

ប្រភពដដែលបានបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើង បានយកក្រចកជើងគោ មកពិនិត្យ នៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្ត បានធ្វើការពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើង ពុំបានរកឃើញមានសារធាតុគីមី ( Formalin ) ទេ ។ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចំនួន ១២០ កេស ស្មើ និង ២៤០០ kg ឃើញថា៖

គ្មានឯកសារបញ្ជាក់ពីប្រភពដើម

គ្មានលិខិតអនុញ្ញាតនាំចូល

ការដឹកជញ្ជូនគ្មានលក្ខណ:បច្ចេកទេស ( ទូក្លាស្សេ ) ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីមន្ត្រីយើង បានធ្វើកំណត់ហេតុដកហូត ក្រចកជើងគោទាំងនោះ ធ្វើការដុតកម្ទេចចោល នៅទីលានចាក់សំរាមខេត្តស្វាយរៀង។ ក្នុងការកម្ទេចចោលមានការសហការ ពីអជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ ៕