ភ្នំពេញ៖ លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្ម រវាងប្រទេសសឹង្ហបុរី និងកម្ពុជា សម្រេចបាន ២ពាន់លានដុល្លា ។នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ។
នៅក្នុងជំនួនបពិភក្សាការងារជាមួយ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan)បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្ត ក៏ដូចជាមន្ត្រីរាជការ ដែលបានចំណាយពេលវេលា អនុញ្ញាតឱ្យលោក ចូលជួបពិភាក្សាឈ្វេងយល់ អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នម្យ៉ាងទៀតឆ្នាំនេះ ជាខួបកាទូតទី៥៥ រវាងប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជា ដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ចំណេះដឹងជាដើម ។ល។
លោកទូតបញ្ជាក់ថា «ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា ឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លា ។ »
លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា សង្ឃឹមថានៅពេលដែល Covid បញ្ចប់អ្នកវិនិយោគប្រទេសសឹង្ហបុរី នឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើងថែមទៀត ក្រុមវិនិយោគសឹង្ហបុរី ក៏មកធ្វើការវិនិយោគ នៅគំរោងប្រព័ន្ធទឹកកខ្វក់ នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ អាស៊ីទៅវិញទៅមក វាងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ។
លោកឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ចង់ឃើញតំបន់ណាខ្លះ ដែលយើងធ្វើការអភិវឌ្ឍរួមគ្នា និងសង្ឃឹមថានៅពេលចប់ Covid នឹងមាននាវាទេសចរណ៍ធំៗ យ៉ាងច្រើនចូលចត នៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ ។
ក្នុងឱកាសនោះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ថាប្រទេសសឹង្ហបុរី ជាស្ថាបនិក បង្កើតអាស៊ាន ហើយកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសសឹង្ហបុរី តាំងពីសម័យ ព្រះបរមរតនកោដ្ឋមកម្លេះ ព្រមទាំងបានជម្រាប ជូនពីស្ថានភាពភូមិសាស្រ្ត ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញដឹកជញ្ជូន ឆ្លងកាត់ទូទាំងប្រទេស ៧០ភាគរយ។ រាជរដ្ឋាភិបាលបាន កំណត់យកឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិ ថ្វីត្បិតការអភិវឌ្ឍខេត្ត មានការយឺតយ៉ាវ នៅហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ឆ្លើយតប តាមតម្រូវការនៃការអភិវឌ្ឍ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ ៣៤ខ្សែ និងត្រូវបញ្ចប់នៅចុងខែមេសា ឆ្នាំ ២០២១ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។
លោកបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាល មានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ JICA ជប៉ុនកសាងកំពង់ផែ ៤ ដំណាក់កាលបន្តទៀត គឺចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ ពីរដំណាក់កាលបង្កើន សមត្ថភាពឱ្យនាវា មានជម្រៅទឹក ១៣ម៉ែត្រ ចូលចតធ្វើឱ្យតម្លៃនៃការដឹកជញ្ជូន ប្រកួតប្រជែង មានការធ្លាក់ចុះជិតបួនដង នឹងបន្តទៅដំណាក់កាលទី៣ ទី៤ ឱ្យនាវាមានជម្រៅទឹក ១៤ម៉ែត្រចូលចត ។ ខេត្តមានព្រលានយន្តហោះ អន្តរជាតិអាចឱ្យយន្តហោះ ៣E ចុះចតបាន និងបន្តពង្រីកដល់ ៤E ដែលមានផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ ។ ខេត្តព្រះសីហនុ ជាខេត្តផលិតថាមពលអគ្គិសនី ចែកចាយ ទៅបណ្ដាញជាតិ នៅទូទាំងប្រទេស បច្ចុប្បន្នខេត្តផលិត ថាមពលអគ្គិសនីបាន ១.០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់ ។ បញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមក ជួបបញ្ហាប្រឈម ដោយសារកំណើន អ្នកវិនិយោគ មកយ៉ាងកំហុគ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន យើងផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគីប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគីប រដ្ឋបាលខេត្តនឹងជំរុញឱ្យ ក្រុមហ៊ុនផលិតទឹកស្អាត រហូត ២០ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ។ ខេត្តសាងសង់ អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ចំនួន ២កន្លែង ដោយមានការការសហការជាមួយ ក្រុមហ៊ុនសឹង្ហបុរីផងដែរ ។
លោកអភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុ ជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ មានការកើនឡើង ៕