ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ជាមុខសញ្ញាប្លន់សកម្ម ក្នុងរាជធានីភ្នំពេញត្រូវបាននគរបាលព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួននិងធ្វើការបង្ហាញមុខជាសាធារណៈ នៅស្នងការស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ រួចបន្តកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់តាមនីតិវិធី ។
យោងតាមរបាយនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានរួមមាន៖
ទី១- ឈ្មោះ ជិន រស្មី ហៅ ម៉ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
ទី២- ឈ្មោះ ឆែម ស័ក្កសុខគា ហៅ សាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ទី៣- ឈ្មោះ សេន ណាខិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ និងស្នាក់នៅផ្ទះលេខអា១៦ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ទី ៤- ឈ្មោះ លាង រតនា ហៅ តូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរនិងស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវលេខ៩៩ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីនគរបាលជំនាញ បានឲ្យដឹងថាកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់ទូរ ស័ព្ទដៃម៉ាក VIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨ កែងផ្លូវលេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ជិះ ម៉ូតូចំនួន០៣គ្រឿង ក្នុងពេលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះ បានសម្រេច ហើយម្ចាស់ម៉ូតូកង់បីដែលជនរងគ្រោះ ។ កំពុងជិះបានកាច់ចង្កូតម៉ូតូកង់បីកៀរម៉ូតូរបស់ ជនសង្ស័យ បណ្តាលឲ្យដួលម៉ូតូរួច ជនសង្ស័យរត់ចោល ម៉ូតូរបស់វាទៅឡើង ជិះម៉ូតូជាមួយបក្ខពួក ដែលបានដកអាវុធខ្លីមួយដើម ម៉ាកកា៥៩ កាន់នៅដៃ ជាស្រេចនាំគ្នា ជិះគេចខ្លួនបាត់អស់ ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យធ្វើឡើង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៤នាក់ នៅ ចំណុចបន្ទប់លេខ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋកន្លងមក ចំនួន០៣ករណី ក្នុងរាជធានី ភ្នំពេញ ។
ករណីទី១ ៖អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការ ប្រព្រឹត្តអំពើហិង្សាដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់ទូរ ស័ព្ទដៃម៉ាក VIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨ កែងផ្លូវលេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់កាបូបដៃពណ៌ខ្មៅ ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរស័ព្ទដៃប្រព្រឹត្តកាលវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារ TK ផ្ទះលេខ០០៧ ផ្លូវលេខ៣១៥ ក្រុម៣២ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕