ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចាប់ឃាត់រថយន្តចំនួន ០១គ្រឿង ដឹកសត្វព្រៃខុសច្បាប់ ដែលមានទិសដៅចេញពី ច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការងារ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ ជនសង្ស័យចំនួន០២នាក់ វត្ថុតាង និងមធ្យោបាយដឹកជញ្ជូន ជនសង្ស័យទី១-ឈ្មោះ ឆាយ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិកៀប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទី២-ឈ្មោះ យ៉េង ឈុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
វត្ថុតាងបង្រ្កាបបានរួមមានៈ ១.សត្វស្លាប(ប្រវ៉ឹក) ចំនួន ៣៨២ក្បាល, ២.រថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ១៩៩៨ ពណ៌ប៉ារ៉ា (ត្រេអ៊ី) ស្លាកលេខ ខ.ម ២ ៦១៥៨-០៧ភូមិភាគ៥ ចំនួន០១គ្រឿង។
សមត្ថកិច្ចចម្រុះបានយកសត្វប្រវឹកទាំងនេះទៅព្រលែងនៅស្រះឈូក ស្រុកបន្ទាយស្រី។ ចំណែកមធ្យោបាយ ដឹកជញ្ជូន និងជនសង្ស័យកម្លាំងចម្រុះប្រគល់ឲ្យទៅមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីបន្តអនុវត្តនីតិវិធី ទៅតាមច្បាប់ ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា សត្វប្រវឹកទាំងនេះ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បង្ក្រាបបានកាលពីយប់ពីថ្ងៃទី២៦ ខែកញ្ញា ។ លោកបន្តថា បន្ទាប់ពីបង្ក្រាបបាន នគរបាល បានយកមកប្រគល់ ឱ្យខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប ចាត់ការបន្ត ។
លោក ម៉ុង ប៊ុនលីម បន្តទៀតថា សត្វប្រវឹកទាំងនេះមានចំនួន ៣៨២ក្បាល មិនមែនជាង ៥០០ក្បាលនោះទេ ។ ចំពោះការដែលសម្រេច យកមកលែង នៅព្រៃសហគមន៍បឹងឈូកនេះ ដោយសារតែ នៅទីនេះមានអ្នកការពារសត្វព្រៃ បានតឹងតែង ហើយអាជ្ញាធរស្រុកបន្ទាយស្រី ក៏ធ្វើការយាមកាម បានម៉ត់ចត់ផងដែរ។ លោកម៉ុង ប៊ុនលីម ឱ្យដឹងដែរថា កន្លងមករាជរដ្ឋាភិបាល បានចេញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការហាមឃាត់ មិនឱ្យប្រមាញ់សត្វព្រៃ ធ្វើជាអាហារ និងមុខរបរជួញដូរជាដាច់ខាត ដោយបានដាក់ទោសទណ្ឌ ដល់ប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរទៀតផង ។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានលើកឡើងផងដែរថា ការព្រលែងសត្វប្រវឹកទាំងជិត៤០០ក្បាលទៅក្នុងព្រៃសហគមន៍បឹងឈូកនេះ វាជាប្រការមួយល្អ ដោយសារនៅក្នុងតំបន់បឹងឈូកនេះ ជាតំបន់មួយធំដែលមានផ្ទៃដីជាង១០០ហិកតា ហើយនៅផ្នែកខាងលើនៃបឹងនេះមានព្រៃអភិរក្សដែលមានការការពារតឹងតែងមិនឲ្យមានការបរបាញ់ឬចាប់សត្វព្រៃឡើយ។ ប៉ុន្តែទោះជាយ៉ាងណា
លោកអភិបាលស្រុកនៅមិនទាន់ហ៊ានសន្និដ្ឋានទេថា តើសត្វប្រវឹកទាំងនេះនឹងរើសយកតំបន់បឹងឈូកនេះជាជំរក ឬបន្តដំណើរទៅទីណាទៀតនោះទេ។
គួររំលឹកថា សត្វព្រៃជាច្រើនប្រភេទ រួមទាំងសត្វប្រវឹកនេះផងដែរ កំពុងរងការប្រមាញ់ យ៉ាងសកម្មពីជនល្មើស ដែលតែងតែចាប់យកមុខរបរប្រមាញ់ សត្វព្រៃធ្វើជាអាហារ និងរបរលក់ដូរជាអាជីវកម្មនៅលើទីផ្សារ ដែលធ្វើឲ្យសត្វ ព្រៃជាច្រើនប្រភេទស្ទើរផុតពូជ ៕