ចាប់ខ្លួន ស្រីស្រស់សោភាម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ រួចគេចខ្លួនបានកន្លះខែ

0

ភំ្នពេញ ៖ កម្លាំងនគរបាល នៅទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួន ស្រីស្រស់សោភាម្នាក់ ដែលបានធ្វើសកម្មភាព លួចម៉ូតូអ្នកភូមិជាមួយគ្នា ហើយគេចខ្លួនបានកន្លះខែ នៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភំ្នពេញ ។

យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាជនសង្ស័យឈ្មោះ សេង គីមលី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា ។

តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូសង់ប៊ិច ពាក់ស្លាកលេខ 1BG-4896 ពណ៌ខ្មៅ ចេញពីបរិវេណបន្ទប់ជួល នៅក្នុងភូមិភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រួចព្យាយាមគេចខ្លួនបានកន្លះខែ ទើបម្ចាស់គេប្រទះឃើញជិះនៅផ្លូវវេងស្រេង ក៏ឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕