ភ្នំពេញ៖ ប្ដីចិត្តកំណាច ខឹងសុំត្រូវរូវគ្នាជាមួយប្រពន្ធ ២ទៅ៣ដងមិនបាន ក៏សម្រេចជះទឹកអាស៊ីតដាក់ប្រពន្ធ បណ្តាលឲ្យរងរបួសរលាកធ្ងន់ធ្ងរ ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១ រំលងអាធ្រាត ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ សុខម៉េង ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែកជនរងគ្រោះជាប្រពន្ធមាន ឈ្មោះ សុខ នួន ហៅណាង ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិប៉ាហ៊ីជើង បានរងរបួសធ្ងន់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តប៉ៃលិន។
បើតាមប្រភព បានរៀបរាប់ពីដំណើររឿងថា អ្នកទាំងពីរ បានធ្វើជាប្ដីប្រពន្ឋគ្មានសំបុត្រ បញ្ជាក់អាពាហ៍ពិពាហ៍នោះទេ តាំងពីឆ្នាំ២០១៣មកម្លេះ។ មួយរយៈក្រោយមក ទាំងពីរនាក់បានទៅធ្វើការនៅប្រទេសថៃ។
ក្រោយពេលវិលត្រឡប់មកវិញ ប្តីឈ្មោះ សាយ សុខម៉េង បានសុំលែងលះប្រពន្ធ ក្រោយមកបានមួយរយៈ ក៍មកសុំប្រពន្ធត្រូវរូវគ្នាវិញ ផ្តើមជាថ្មី ចំនួន២ទៅ៣ដង តែប្រពន្ធមិនព្រម ក៏សម្រេចជះទឹកអាស៊ីត ដាក់ប្រពន្ធ បណ្តាលឲ្យ ខូចសម្រស់ រលាកពេញខ្លួន រងរបួសធ្ងន់ធ្ងរ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវតាមរកមុខសញ្ញា មកអនុវត្តតាមនីតិវិធីច្បាប់ ៕