ទាហាននៅបន្ទាយលង្វែក ជិះម៉ូតូដេញចាប់ចោរ ធ្លាក់ទឹកបឹងលង់ស្លាប់ខ្លួនឯង (Video)

0

ភ្នំពេញ៖ មន្ត្រីយោធានៅបន្ទាយលង្វែកម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីបានជិះម៉ូតដេញតាមចាប់ចោរលួចម៉ូតូពលរដ្ឋ ហើយធ្លាក់ជង្ហុកជ្រុលចូលទឹកបឹង បណ្តាលឲ្យលង់ស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានករណីជនសង្ស័យ ២នាក់ស្រី និងប្រុសបានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅឃុំកំពង់ត្រឡាច។ ក្រោយពេលធ្វើសកម្មភាព លួចបានហើយនោះ ក៏ត្រូវបានអ្នកស្រុកដេញតាម និងស្រែកឆោឡោឲ្យជួយតាម ចាប់ចោរទាំងពីរនាក់នេះ។ បន្ទាប់ពីឃើញហេតុការណ៍នេះភ្លាម មន្រ្តីយោធាខាងលើ បានជិះម៉ូតូដេញតាមចោរទាំង ២នាក់ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផងនោះ បានបើកម៉ូតូធ្លាក់ចូលជង្ហុក ក៏ធ្លាក់ចូលក្នុងទឹកបឹងបណ្តាលឲ្យលង់ស្លាប់តែម្តង ។ ចំណែកជនសង្ស័យហក់ចូលក្នុងបឹងនោះដែរ ហើយសម្ងំរហូតពលរដ្ឋ ចាប់បានទាំងស្រីទាំងប្រុស ។

មន្រ្តីយោធាដែលស្លាប់ ក្នុងពេលដេញចាប់ចោរនោះមានឈ្មោះ សាយ វិសាល ជាមន្រ្តីយោធានៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកជនសង្ស័យ ត្រូវពលរដ្ឋចាប់បញ្ជូន ឲ្យទៅសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធី ៕