ភ្នំពេញ៖ ខឹងមកពីភ្ជួរស្រែហត់ សុំលុយម៉ែទិញស្រាផឹកមិនបាន ក៏ជិះម៉ូតូចេញទៅចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍នេះកើតឡើង កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ វិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមស្រ្តីជាម្តាយបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសគាត់មកពីភ្ជួរស្រែវិញ បានសុំលុយគាត់ទៅទិញស្រាផឹក គាត់ក៏ឲ្យ១០០០០៛ ដើម្បីទៅទិញស្រា លុះក្រោយពេលផឹកស្រាអស់ កូនបានសុំលុយគាត់ ទៅទិញស្រាម្ដងទៀត គាត់ក៏ប្រាប់ថា ឈប់ផឹកទៀតទៅ ប្រយ័ត្នព្រឹកស្អែក ទៅភ្ជួរស្រែមិនកើត ហើយគាត់មិនឲ្យលុយកូនទេ ស្រាប់តែកូនគាត់ខឹង ក៏ឡើងជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ចេញទៅបាត់តែម្តង ។
លុះប៉ុន្មានម៉ោងក្រោយមក ក៏មានការភ្ញាក់ផ្អើលថា កូនគាត់ស្លៀកខោខ្លី ពណ៌ខៀវឆ្នូតស អត់អាវ បានចងនៅមែកដើមត្រមែង កម្ពស់ ២,២០ម៉ែត្រ ស្លាប់បាត់ទៅហើយ នៅចំណុចវាលស្រែខាងត្បូងភូមិ ចម្ងាយ៥០០ម៉ែត្រ ដោយបន្សល់ទុកស្បែកជើង១គូ និងម៉ូតូ១គ្រឿងនៅក្បែរនោះ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សាកសពជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងពិតមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ៕