ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាត បានអន្តរាគមន៍ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិលេខ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលភូមិចុងដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ឈើជ្រុងប្រវែង៨០សង់ទីម៉ែត្រ ចំនួន០១ដើម , ដែកចំរឹងបង្អួចប្រវែង៥០ សង់ទីម៉ែត្រចំនួន០៣ ,ទូរទស្សន៍ម៉ាក សាំសុង ពណ៌ខ្មៅចំនួន០១គ្រឿង, តេឡេទូរទស្សន៍ម៉ាក សាំសុង ពណ៌ខ្មៅចំនួន០១។
លោកអធិការបានបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ ង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា Beat ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន មកធ្វើសកម្មភាពប្រើឈើជ្រុង ប្រវែង៨០សង់ទីម៉ែត្រ គាស់ចំរឹងបង្អួចផ្ទះ របស់ជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៨៦ បុរីពិភពថ្មីកួរស្រូវ ផ្លូវបេតុងលេខ០៦ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយផ្ទះកើតហេតុនេះជនរងគ្រោះ បានបិទទ្វារចាក់សោរ ទុកចោល គ្មានមនុស្សរស់នៅ និងដេកយាមទេ ប៉ុន្តែជនរងគ្រោះបានចេញចូលម្តងម្កាល។ ពេលជនសង្ស័យ ទាំង០២នាក់ខាងលើ បានធ្វើសកម្មភាព គាស់កញ្ចក់បង្អួច ហើយគាស់ចំរឹងបង្អួច បាក់អស់ចំនួន០៣ រួចជនសង្ស័យម្នាក់ឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ បានលូនចូលទៅក្នុងផ្ទះ រើកកាយខោអាវនៅក្នុងទូរ និងលួចយកសម្ភារ បម្រុងលើកចេញមកខាងក្រៅ ដែលមានបក្ខពួកគេម្នាក់ កំពុងចាំនៅខាងក្រៅ ក៏ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខបុរីពិភពថ្មី បានឃើញក៏ស្រែកឆោឡោថា ចោរៗ។ ពេលនោះ ក៏មានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដែលកំពុងជិះម៉ូតូ ល្បាតក្បែរនោះស្រាប់ បានជួយអន្តរាគមន៍ឡោមព័ទ្ធ ចាប់ឃាត់ខ្លួន បានជនសង្ស័យ០១នាក់ ឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ រួមនិងវត្ថុតាង យកមកសាកសួរនៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ង៉ោ បានបើកម៉ូតូ គេចខ្លួនបាត់។
ក្រោយពីសាកសួរ ជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាព គាស់កញ្ចក់បង្អួច និងចំរឹងបង្អួចផ្ទះ របស់ជនរងគ្រោះ រួចចូលលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមករូបគេ (ជនសង្ស័យ) និងបក្ខពួកធ្លាប់ បានធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានចំនួន០១លើករួចមកហើយ នៅក្នុងបុរីពិភពថ្មី ខាងលើ រួចជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង ៕