អាសូរណាស់! ក្មេងស្រី​២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ទៅលេងទឹកលូចុងភូមិ បានលង់ស្លាប់​

0

ភ្នំពេញ៖ ក្មេងស្រីចំនួន០២នាក់ បាននាំគ្នាទៅងូតទឹកលេងនៅចំណុចលូទឹកមួយកន្លែង ចុងភូមិបណ្តាលឲ្យលង់ស្លាប់ទាំង០២នាក់ ។ ហេតុការណ៍នេះ បានភ្ញាកើផ្អើលឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នេះបើយោង តាមអគ្គស្នងការនគរបាលជាតិ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះទាំង០២នាក់ ។ ម្នាក់មានឈ្មោះ ភាព ចំណាន ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះឈឿន ចាន់ណា មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្មេងស្រីរងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ។

លោកអធិការ បានបញ្ជាក់ថា៖នៅមុនពេលកើតហេតុកុមារីរងគ្រោះទាំង០២នាក់ បាននាំគ្នាមកងូត ទឹកហូរលេងនៅចំណុចលូទឹកចុងភូមិមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ ខណៈពេលដែលទឹក កំពុងជន់ឡើងមានក្មេងៗ បានមកងូតទឹកលេង ក្នុងនោះក៏មានក្មេងស្រី រងគ្រោះក៏នាំគ្នាមក ងូតទឹកលេងផងដែរ បណ្តាលឲ្យលង់ទឹកស្លាប់ ទាំង០២នាក់បងប្អូន៕