ថ្លើមធំមែន ហ៊ានដកកាំភ្លើង បាញ់គំរាម អ្នកបើករ៉ឺម៉ម៉ូតូកង់បី កណ្ដាលផ្លូវ

0

ភ្នំពេញ៖ ជិះម៉ូតូវាក់អឺ ជាមួយរ៉ឺម៉កម៉ូតូកង់បី មានឃ្លុប១គ្រឿងបត់ កាត់ពីមុខនិងបានកៀរគ្នា ជាហេតុធ្វើឲ្យជននោះផ្ទុះកំហឹងយ៉ាងខ្លាំង រួចក៏ស្ដីបន្ទោសអ្នកបើកបរ រ៉ឺម៉កម៉ូតូ លុះពេលអ្នកបើករ៉ឺម៉កម៉ូតូ បានតបតវិញទើបក្លាយជាទំនាស់ ពាក្យសម្ដីយ៉ាងតឹងសរសៃ.ក ក៏ស្រាប់តែជនសង្ស័យគំរាមបាញ់សម្លាប់ រួចក៏ដកកាំភ្លើងខ្លី ពីចង្កេះបាញ់គម្រាមអ្នកបើក រ៉ឺម៉កម៉ូតូនោះ ចំនួន១គ្រាប់និងគេចខ្លួនទៅបាត់ ដោយសុវត្ថិភាពតែម្តង។

ហេតុការណ៍ខាងលើនោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវវ៉េងស្រេង មុខផ្សារត្រពាំងថ្លឹង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ជ័យ ។

ខ្មាន់កាំភ្លើងខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង ចំណែកជនរងគ្រោះមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណដូចគ្នា ហើយបើកបរនិងជិះរ៉ឺម៉កម៉ូតូកង់បី១គ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HC-9621 ។

បើតាមបុរស ជាអ្នកបើករ៉ឺម៉កម៉ូតូ ខាងលើមិនបានប្រាប់ឈ្មោះឡើយ ហើយគាត់បាននិយាយថានៅមុនពេលកើតហេតុ គាត់មានគ្នា២នាក់ បានបើកបររ៉ឺម៉កម៉ូតូកង់បី ដោយធ្វើដំណើរ ក្នុងទិសដៅ ពីលិចទៅកើតតាមផ្លូវវ៉េងស្រេង លុះពេល ទៅដល់ត្រង់ចំណុចកើតហេតុ រូបគាត់ក៏បានបត់ឆ្វេង ក៏ស្រាប់តែបុរសម្នាក់ជាខ្មាន់កាំភ្លើង ខាងលើជិះម៉ូតូពីក្រោយ ស្របទិសគ្នា លុះទៅដល់ចំណុចកើតហេតុក៏បានកៀរគ្នា ជាមួយរ៉ឺម៉កម៉ូតូរបស់គាត់ ។

បុរសជាអ្នកបើករ៉ឺម៉កម៉ូតូកង់បី បន្តថា ខណៈនោះ បុរសជាខ្មាន់កាំភ្លើង រូបនេះបានស្ដីឲ្យ គាត់រហូតទាក់ពាក្យសម្ដីគ្នា ហើយបុរសរូបនោះ ក៏បានគំរាមបាញ់សម្លាប់ គាត់ទាំង២នាក់ទៀតផង លុះនិយាយគ្នាមិនទាន់ផុតពីមាត់ផង ក៏ដក កាំភ្លើងបាញ់មេឃ១គ្រាប់ ដើម្បីគំរាមគាត់ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលបាននគរបាល ប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងរកឃើញសំបកគ្រាប់កាំភ្លើងខ្លី១គ្រាប់ ហើយក៏បានរើសយកទៅ រក្សាទុក ព្រមទាំងឲ្យ អ្នកបើកបររ៉ឺម៉កម៉ូតូកង់បី ទៅដាក់ពាក្យប្ដឹង ដើម្បីស្រាវជ្រាវរកមុខ ខ្មាន់កាំភ្លើងខាងលើ ៕