ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលា ម៉ោង ១៣.២៤នាទី នាថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ នៅចំណុច អូរតាអោក ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីបទ ឆបោក (យកប្រាក់ថ្លៃរត់ការចូលក្របខណ្ឌរដ្ឋ (ជាយោធា) និងទិញឈ្មោះ ឡើងមុខដំណែង យោធាព្រមទាំង ធានាពិរុទ្ធជនអោយនៅក្រៅឃុំ រកស៊ីក្រុមហ៊ុនដី និងស៊ីដាច់រថយន្ត ០៨ គ្រឿងថែមទៀត សរុបទឹកប្រាក់ជាង ១៣០.០០០ ដុល្លារ (ជាងដប់បីម៉ឺនដុល្លាអាមេរិក ) ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តនៅ៣ខេត្ត ព្រះវិហារ បាត់ដំបង ស្វាយរៀង និង១រាជធានី គឺភ្នំពេញ នៅកំឡុងឆ្នាំ២០១៩ – ២០២០ ។
ជនសង្ស័យដែលសមត្ថកិខ្ចចាប់ឃាត់ខ្លួន ទាំង០៣ នាក់ មានឈ្មោះដូចជា:
១.ឈ្មោះ ណុប ខេន ហៅ មឿង វ៊េីន ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
២.ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរតៃកុងឡាន រស់នៅផ្ទះលេខ២៤៥ ក្រុម០២ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ ចក់ ឈុនលី ហៅ ជំទាវម៉ៅ ភេទ ស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកអធិការបានបន្តថា ជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕