ថ្លេីមធំមែន! ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ហ៊ានសរសេរពាក្យ វៀតណាម លើរូបអង្គរវត្ត

0

ភ្នំពេញ៖ នៅទីបំផុត ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ដែលទើបរងប្រតិកម្ម យ៉ាងដំណំពីប្រជាពលរដ្ឋកម្ពុជា ដោយសារច្រឡំដាក់ពាក្យ «VIETNAM» លើរូបប្រាសាទអង្គរវត្តនោះ បានចេញលិខិតសុំទោស ជាសាធារណៈជូន ចំពោះប្រជាជាតិកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិវិញហើយ។ នេះបេីយោងតាម ក្រសួងទេសចរណ៍

រឿងហេតុនេះកើតឡើងដោយសារ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Wendy Wu Tours បានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចរបស់ខ្លួន មកកាន់តំបន់អាស៉ីអាគ្នេយ៍ ដែលមានរូបភាពតំបន់ ទេសចរណ៍ជាច្រើន ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្ត របស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្រុមហ៊ុនបានច្រឡំដាក់ពាក្យ VIETNAM នៅលើរូបភាពប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសាធារណជន។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានប្រតិកម្មជាបន្ទាន់ទៅកាន់ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងសុំទោសជាសាធារណៈ។ ពេលនោះ ក្រុមហ៊ុន Wendy Wu Tours ក៏បានឆ្លើយតប និងទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈលិខិតជាផ្លូវការ។

ក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយនេះ ក៏បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ សំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ នៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ដ៏ល្បីល្បាញមួយនៅលើពិភពលោកដែលមានទីស្នាក់ការ កណ្ដាលនៅចក្រភពអង់គ្លេស ហើយក៏មានសាខានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ។

ខាងក្រោមនេះជាលិខិតសុំទោស ផ្លូវការរបស់ក្រុមហ៊ុន Wendy Wu Tours និងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖