ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសមេគង្គ–សាធារណរដ្ឋកូរ៉េ នឹងបេីកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ រិះរកមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើន ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព នៅក្នុងតំបន់មេគង្គ និងកូរ៉េ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៦ កញ្ញានេះបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ–សាធារណរដ្ឋកូរ៉េ លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន លោក ផាម ប៊ិញមិញ និងលោកស្រី កាង ក្យុងវ៉ា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការមេគង្គ–សាធារណរដ្ឋកូរ៉េ និងកំណត់ទិសដៅអនាគតនៃ កិច្ចសហប្រតិបត្តិការនេះ។ រដ្ឋមន្រ្តី នឹងផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងភាពជាដៃគូ និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល សម្រាប់កំណើន ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយ ចីរភាពនៅក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ។
រដ្ឋមន្រ្តី ក៏នឹងពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំកំពូល មេគង្គ–សាធារណរដ្ឋកូរ៉េ លើកទី២ ផងដែរ៕