ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីអំពើហិង្សា យ៉ាងព្រៃផ្សៃមួយកើតឡើង ដោយឪពុកចិត្តតិរច្ឆាន បានយកខ្សែក្រវ៉ាត់ វាយទៅលើកូនស្រី ទាំងដៃឱបកូនស្រីតូចក្នុងដៃ ដែលស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ថា សមត្ថកិច្ចនគរបាលស្រុកពញាឮ បានហៅឪពុករូបនេះ ទៅសួរនាំហើយ ។
ចំពោះករណីនេះដែរ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការរិះគន់ និងស្នើឲ្យសមត្ថកិច្ច ដាក់ទោសទៅលើជនដៃដល់ ជាឳពុកទៅតាមច្បាប់ មិនត្រូវលើកលែងឲ្យជាដាច់ខាត ។
មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ខាយ អាយុ៣៥ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា អាយុ១៧ឆ្នាំ ។ ជនសង្ស័យនិងកូនស្រី មានទីលំនៅភូមិ ស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៌ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ៣ឆ្នាំទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ស្ថិតក្នុងភូមិ ស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ។
ក្នុងពេលនោះជនសង្ស័យឈ្មោះ គឹម ខាយ បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈនោះដែរជនសង្ស័យបានឃើញជនរងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត ។ ស្របពេលនោះជនសង្ស័យ បានដេញអោយជនរងគ្រោះ ពរប្អូននិងយកម៉ូតូទៅផ្ទះ ។ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនសង្ស័យជាឪពុកខឹង រហូតយកខ្សែក្រវាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង១ក្រវាត់ បណ្តាលអោយមានរបួសស្នាម ។
ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីឪពុកវៃកូន ក៏ចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរនិងបន្តចាត់ការ តាមនីតិវិធីច្បាប់ ៕