ភ្នំពេញ៖ បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយៈពេល៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀនម្ដងហើយ ពេលចេញមកវិញ មិនរៀងចាល បែរជាទៅប្រើហិង្សា យកដុំថ្មគប់បងប្រុសខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយឃាត់ខ្លួន ក៏ធ្លាយរឿងលួចម៉ូតូមួយករណីទៀត ។ ហេតុការណ៍ហិង្សា កើតឡើងកាលពីវេលាម៉ោង ៨៖១០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ៖ ១. ផង់ ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ២. ផង់ ដារា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរមានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមាន ឈ្មោះ ផង់ ឡុញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ដុំឥដ្ឋចំនួន ១ដុំ បំពង់ទីបចំនួន ១ដើមប្រវែង ០.៤៥ស.ម ។
បើតាមសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើឈ្មោះ ផង់ ផល្លី ត្រូវជាបងកំពុងអង្គុយហូបបាយ នៅក្រោមផ្ទះជាមួយក្មួយៗ ពេលនោះឈ្មោះ ផង់ ឡុញ ត្រូវជាប្អូនបានដើរមក រួចបាននិយាយឌឺដង ដៀមដាម ជាពាក្យសំដីដដែលៗ ពេលនោះឈ្មោះ ផង់ ផល្លី ក៏បាននិយាយតបវិញថា កុំនិយាយច្រើនពេក ប្រយ័ត្នអញទ្រាំមិនបាន ពេលនោះឈ្មោះ ផង់ ឡុញ ក៏ស្ទុះទៅយកដុំឥដ្ឋ ១ដុំ មកគប់ទៅលើឈ្មោះ ផង់ ផល្លី បណ្តាល ឲ្យត្រូវចំកដៃខាងឆ្វេងរបួសបន្តិច ហើយក៏មានការប្រតាយប្រតប់គ្នា។ ពេលនោះមានឈ្មោះ ផង់ ដារា ត្រូវជាក្មួយក៏បានចូលទៅឃាត់ ចេញពីគ្នាបានប្រហែល ៥នាទីក្រោយមកឈ្មោះ ផង់ ឡុញ ក៏បានដើរទៅយកបំពង់ទីប មកវាយទៅលើឈ្មោះ ផង់ ដារា ដែលត្រូវជាក្មួយបណ្តាល របួសចំក្បាលចេញឈាម ។
ក្រោយពីទទួលបានបណ្តឹង តាមទូរសព្ទ័ភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនឈ្មោះ ផង់ ឡុញ មកប៉ុស្តិដើម្បីធ្វើការសាកសួរ ។ ហើយពេលនោះ សមត្ថកិច្ចនគរបាលមាន ការសង្ស័យករណអំពើលួច ក៏បានធ្វើការសាកសួរឈ្មោះ ផង់ ឡុញ បន្តទៀតអំពីករណីបាត់ម៉ូតូ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ផង់ ឡុញ បានសារភាពថា ខ្លួននិងឈ្មោះ តុង នីភក្រ្ត័ ពិតជាបានលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ 125 ពណ៌សេរី ឆ្នាំ2018 ពាក់ស្លាកលេខកណ្តាល 1Y-4517 ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវីធី ៕