ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ទោះបីជាលោកអ្នកតែងតែ គិតថាការផ្ញើសារជា SMS គឺជាបច្ចេកវិទ្យាចាស់មួយ ដែលមិនមានភាពទាន់សម័យ ហើយត្រូវបានគេឈប់ប្រើ ស្ទើរតែទាំងស្រុងក៏ហើយក្ដី ប៉ុន្តែផ្ទុយទៅវិញការផ្ញើសារជា SMS មិនទាន់ត្រូវបានគេ បោះបង់ចោលនៅឡើយទេ ជាងនេះទៅទៀតវាត្រូវបាន ពួកក្រុមជនខិលខូច យកទៅប្រើដើម្បីបន្លំបោកប្រាស់ បានយ៉ាងសាមញ្ញ និងងាយស្រួលថែមទៀតផង។ ការបោកប្រាស់តាមរយៈការ ផ្ញើសារត្រូវបានគេឱ្យឈ្មោះថា Smishing។
ជាឧទាហរណ៍ ក្រុមអ្នកសន្តិសុខបច្ចេកវិទ្យា បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា ពួកគេបានទទួលសារ SMS ពីពួកក្រុមជនខិលខូច ដោយបន្លំធ្វើជាសារមកពីក្រុមហ៊ុន Apple ទៅបុរសម្នាក់ដែលមានឈ្មោះ Christopher ដោយថារូបគាត់ត្រូវបានជ្រើសរើស ឱ្យទទួលបានទូរសព្ទ iPhone 12 ដើម្បីធ្វើការប្រើប្រាស់សាកល្បង។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា ពួកគេមិនមានឈ្មោះ Christopher ប៉ុន្តែជនខិលខូចបាន ប្រើឈ្មោះមនុស្សពិតៗ ដើម្បីធ្វើឱ្យអ្នកដែលបានអានសារនោះ ហើយមានអារម្មណ៍ទាក់ទាញ។ លើសពីនេះទៅទៀត ពួកគេក៏បានបន្ថែមនូវ ឈ្មោះផ្លូវ និងឈ្មោះទីក្រុងពិត ដើម្បីឱ្យអ្នកអានគិតថា Christopher គឺជាមនុស្សពិតដែលគេ តាមទាក់ទងពិតប្រាកដមែន។
ជាទូទៅក្រៅពីសារលួងលោម អ្នកអានឱ្យលង់ក្នុងល្បិចរបស់ពួកគេនោះ ជនខិលខូចក៏មានភ្ជាប់មក ជាមួយនូវតំណភ្ជាប់ក្លែងក្លាយ ដើម្បីទាមទារឱ្យលោក អ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងលេខគណនីដូចជា លេខប័ណ្ណឥណទាន ដើម្បីបង់សេវាថ្លៃផ្ញើបន្តិចបន្តួច មុននឹងអាចទទួលបានទូរសព្ទនោះ ប៉ុន្តែតាមការពិតពួកគេធ្វើនេះគឺ គ្រាន់តែចង់ប្រមូលទិន្នន័យ និងលេខប័ណ្ណឥណទាន របស់លោកអ្នក ដើម្បីលួចយកលុយនៅក្នុងគណនី របស់លោកអ្នកតែប៉ុណ្ណោះ។
ទោះបីជានាយកដ្ឋានពុំទាន់ បានជួបករណីដូចគ្នាទៅនឹង ករណីខាងលើនេះ នៅក្នុងប្រទេសកម្ពុជាយើងក៏ដោយក្តី នាយកដ្ឋានសូមឱ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៅពេលដែលបងប្អូនបានទទួលសារ ទោះជាតាមរយៈ SMS ឬតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗថា បានឈ្នះរង្វាន់ ឬបានទទួលអីវ៉ាន់ដែល បានផ្ញើមកពីក្រៅប្រទេសនោះ ព្រោះនេះគ្រាន់តែជាវិធីលួងលោម បោកប្រាស់ដើម្បីឱ្យលោកអ្នក ផ្ញើលុយទៅឱ្យពួកគេវិញនោះទេ ៕