ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្ករឡើងដោយរថយន្តម៉ាកកាមរី ១គ្រឿងបុកពីក្រោយ ខណៈដែលជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធនោះកំពុងជិះម៉ូតូឌុបគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៦–៣៧៧ ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះតុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំ ជាប្តី(អ្នកឌុប) ប្រពន្ធឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់) ។
លោកបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ ប.មានជ័យ 1V. 4443 បើកបរម៉ូតូឈ្មោះតុប យ៉ាន ពេលបើកដល់ចំណុចកើតហេតុត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦–៣៧៧ ស្ថិតនៅភូមិយាងថ្មី ឃុំកូប ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995ពាក់ស្លាក លេខភ្នំពេញ2E 2717 បានបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ទាំង០២នាក់ប្តីប្រពន្ធនៅនឹងកន្លែង ។ ចំណែកអ្នកបើក បរថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។
លោកបន្តថា មូលហេតុអ្នកបើកបរ រថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយវាស់វែង បច្ចុប្បន្នវត្ថុតាងម៉ូតូ និងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយ ចំពោះមុខច្បាប់។
រីឯសាកសពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រណៃណី ក្រោយពេលនគរបាលជំនាញពិនិត្យរួច៕