ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ ប្ដីដាច់ចិត្តយកដុំខ្សែភ្លើង វាយទៅលើស្ត្រីដែលជាប្រពន្ធ បណ្តាលឲ្យរងគ្រោះគ្រាំគ្រាស្ទើរស្លាប់ ស្ទើររស់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រមាណ ១នឹង៣០នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
បើតាមលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា បុរសជាប្តីដែលបាន ប្រើអំពើហឹង្សាទៅលើស្ត្រី ដែលជាប្រពន្ធរបស់ខ្លួននោះ មានឈ្មោះ នាង សុខជា ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបជាកសិករ បច្ចុប្បន្នស្នាក់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ តេង ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបជាកសិករ រស់នៅភូមិឃុំ និង ស្រុកកើតហេតុជាមួយគ្នា។
លោកអធិការស្រុក បានបញ្ជាក់ថា បើតាមការឲ្យដឹងពីស្ត្រីរងគ្រោះ បានរៀបរាប់ថា មូលហេតុដែលបណ្តាលឲ្យ បុរសជាប្តីរបស់ខ្លួន ប្រើប្រាស់អំពើហឹង្សា មកលើខ្លួននេះ ក៏ព្រោះតែបុរសជាប្តីនោះផឹកស្រា ហើយក្រោយផឹកស្រាស្រវឹង តែងតែរករឿងឈ្លោះកើតក្តីប្រចណ្ឌ័ វាយធ្វើបាបខ្លួនស្ទើរ តែរៀងរាល់ថ្ងៃ ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំលែង បាននូវទង្វើរដ៏ព្រៃផ្សៃរបស់ប្តី មួយនេះក៏ដាច់ចិត្តសម្រេច ដាក់ពាក្យប្តឹងទៅកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំជាំក្សាន្ត ក្រោយទទួលបាននូវពាក្យបណ្តឹង របស់ស្ត្រីជាជនរងគ្រោះ ខាងលើភ្លាមនោះ កំលាំងសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកជាំក្សាន្ត សហការជាមួយនឹងកំលាំងសមត្ថកិច្ច នគរបាលប៉ុស្តិរដ្ឋបាល ឃុំជាំក្សាន្ត បានចុះចាប់ខ្លួនបុរសជា ជនសង្ស័យភ្លាមៗតែម្តង ។
បច្ចុប្បន្នត្រូវបានកំលាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការសួរនាំដើម្បីស្តាប់ចម្លើយចងក្រងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ជាមួយគ្នានោះដែរ លោកអធិការនគរបាលស្រុកជាំក្សាន្ត ក៏សូមធ្វើការផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាមិនត្រូវប្រើ អំពើហឹង្សាលើសង្គមគ្រួសារ ឬក៏ទៅលើអ្នកដទៃនោះឡើយ ព្រោះអំពើហឹង្សានេះ វាធ្វើអោយប្តីព្រាត់ប្រពន្ធ កូនព្រាត់ម្តាយមិត្តក្លាយជាសត្រូវ ៕