បុណ្យសមុទ្រឆ្នាំនេះ ត្រូវលើកពេលទៅឆ្នាំក្រោយ ដើម្បីបង្ការការរីករាលដាល ជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលរៀបចំ បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាត ជាគោលការណ៍ ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។
ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្ត ដែលធ្លាប់បានចូលរួម ពិធីបុណ្យសមុទ្រ នៅកម្ពុជា កន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ ប្រាកដថា នឹងអាចមកចូលរួម បានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេច លើកពេលរៀបចំបុណ្យសមុទ្រនេះ ទៅឆ្នាំក្រោយវិញ។

ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជា តែងបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នា នៅតាមបណ្តាខេត្តទាំងបួន ជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរ សមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ ៕