ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្តមន្ត្រីនៃកម្ពុជា បានស្ដីបន្ទោសធ្ងន់ៗថា អាជ្ញាធរខណ្ឌចំការមនអន់ពេកហើយ ដែលបណ្ដោយឲ្យអ្នកមានលុយ មានអំណាច ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ដោយមិនខ្លាចរអារច្បាប់ទាល់តែសោះ ។
ការស្ដីបន្ទោសអាជ្ញាធរខណ្ឌចំការមន ពីសំណាក់ប្អូនស្រីនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីកើតមានករណី ថៅកែអាផាតមិន យកសោរមកចាក់របងផ្ទះបងស្រីលោក សែម សង្វាត អតីតតារចម្រៀងជើងចាស់ និងកូនស្រី ជាប់ក្នុងផ្ទះអស់ជាច្រើម៉ោង ។ ក្រោយទទួលដំណឹងនេះលោក សែម សង្វាត បានសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរចុះមកសម្របសម្រួល តែម្ចាស់អាផាតមមិនព្រមឲ្យកូនសោរចាក់ ទើបអាជ្ញាធរសម្រេច កាត់សោរដើម្បីរំដោះអ្នកនៅខាងក្នុង ។ ហេតុការណ៍នេះបានកើតឡើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះថា «អជ្ញាធរអន់ពេកហើយ ធ្វើអោយអាអ្នកមានលុយ ខ្លាំងជាងច្បាប់នោះ សូមឲ្យអជ្ញាធរទៅមើលថា តើអាមួយណាក៏វាខ្លាំងហ៊ានធ្វើបែបនេះ ឬក៏ខ្លាចអំណាចនរណាម្នាក់ បានជាអជ្ញាធរមិនហ៊ានធ្វើនោះ??» ៕




