ភ្នំពេញ៖ ក្រោយធ្វើសកម្មភាពចាប់រំលោភ ទៅលើយុវតីអាយុ ១៦ឆ្នាំម្នាក់ មិនបានសម្រេច កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ហើយរត់គេចខ្លួនបាត់ស្រមោលជាង ២ខែ ពេលនេះជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលអង្គតាសូម្នាក់ ត្រូវបានឃាត់ខ្លួនហើយ ។
ជនសង្ស័យមានឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានឋានន្តរស័ក្ដិអនុសេនីយ៍ត្រី ត្រូវបានឃាត់ខ្លួន កាលល្ងាចថ្ងៃទី២៤ ខែកញ្ញា ២០២០។
ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់បងស្រីក្មេងស្រីរងគ្រោះ បានបង្ហោះសាររៀបរាប់ពី ការឈឺចាប់លើហ្វេសប៊ុក កាលពីថ្ងៃទី២៣ កញ្ញាថា «នេះហើយជាប៊ូលីស ដែលចាប់រំលោភបំពាន មកលើប្អូនស្រីរបស់ខ្ញុំ កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅភូមិក្តុម្ពីរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខែត្តស្វាយរៀង ពេលនោះរំលោភមិនបានសំរេច ដោយសារប្អូនខ្ញុំរើរួច ហើយស្រែកឲ្យគេជួយ ប្អួនស្រីទើបតែអាយុ ១៦ឆ្នាំ ។ សូមសមត្ថកិច្ចខេត្តស្វាយរៀង មេត្តាតាមចាប់ជនល្មើសរូបនេះផង ជនល្មើសគេមិនបានរត់ទៅណា គឺនៅក្នុងភូមិ ហេតុអីបានជាមិនរក យុត្តិធម៌អោយគ្រួសារខ្ញុំ? ហេតុអី មិនមានច្បាប់ ចាប់ខ្លួនជនល្មើស?» ។
បើតាមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ថា ករណីរំលោភនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅក្រោមផ្ទះ ក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ពេលគ្រានោះឪពុកម្ដាយ បានទៅចូលរួមក្នុងពិធីមង្គលការគេ នៅក្នុងភូមិដោយទុកកូនស្រី រងគ្រោះឱ្យនៅផ្ទះម្នាក់ឯង។ ខណៈមានឱកាសស្ងាត់ល្អ លោក ម៉ៅ វីរៈ បានមកសុំក្មេងស្រីរងគ្រោះរួមភេទ ប៉ុន្តែនាងប្រកែកមិនព្រម ពេលនោះឈ្មោះ ម៉ៅ វីវៈ បានស្ទុះមកចាប់អោបក្មេងស្រីពីក្រោយ នៅផ្ទះបាយក្រោមផ្ទះ ។
ក្រោយកើតហេតុភ្លាមៗ ឪពុកម្ដាយបានដាក់ពាក្យបណ្ដឹង ទៅប៉ុស្តិ៍ឃុំគោកព្រីង ស្រុកស្វាយជ្រំ តែដោយសារមិនអាចដោះស្រាយបាន ទើបឪពុកម្តាយក្មេងស្រីរងគ្រោះ សម្រេចដាក់ពាក្យបណ្តឹង ទៅព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ។
យោងតាមសេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ករណីមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទូស្តកេរខ្មាស់ លើក្មេងស្រីអាយុ ១៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងពិតប្រាកដមែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងនគរបាល បានស្រាវជ្រាវរកឃើញ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ ៕